គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹម និង ACTUME សហការគ្នាជាថ្មីដើម្បីសង្រ្គោះជីវិតមនុស្ស

កាលបរិច្ឆេទ: ១០ ឧសភា ២០២២ / សុខភាព

កាលពីខែមេសា លោក​ Oumar Kane ប្រធានសមាគមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺឆ្លង ដែលហៅកាត់ថា ACTUME មានប្រសាសន៍សម្តែងក្តីសោមនស្សរីករាយ៖ «បើគិតមកទល់ពេលនេះ គឺអស់រយៈពេលជាងប្រាំបីឆ្នាំហើយដែលសមាគមយើងធ្វើការជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹម។ ថ្មីៗនេះ សហគ្រាសផលិតឱសថប៉េប៉េអឹម និងសមាគម ACTUME បានចុះកិច្ចព្រមព្រៀងចាប់ដៃសហការគ្នាជាថ្មីម្តងទៀតដើម្បីសង្រ្គោះជីវិតមនុស្ស។ ក្រៅពីជួយសម្រួលដល់ការងាររបស់យើង កិច្ចព្រមព្រៀងនេះក៏ជាសក្ខីភាពមួយបង្ហាញពីការផ្តល់សារសំខាន់ និងផ្តល់ទំនុកចិត្តដល់សមាគមរបស់យើងផងដែរ។ បីឆ្នាំបន្ទាប់ពីសហគ្រាសផលិតឱសថប៉េប៉េអឹមសហការយ៉ាងស្អិតរមួតជាមួយសមាគមក្នុងក្របខណ្ឌគម្រោងផ្តល់សេវាព្យាបាលចល័តដោយឥតគិតថ្លៃនៅប្រទេសម៉ូរីតានី តាមរយៈការឧបត្ថម្ភជាឱសថចាំបាច់សម្រាប់គម្រោងនេះមក កិច្ចព្រមព្រៀងថ្មីមួយទៀតក៏ត្រូវបានធ្វើឡើង ដែលផ្តល់ឱកាសឲ្យសមាគមអាចទិញឱសថ និងគ្រឿងបរិក្ខារពេទ្យសម្រាប់ផ្គត់ផ្គង់ទៅដល់ឱសថស្ថានសហគមន៍នៅឃុំ Tékane»។

កិច្ចព្រមព្រៀងនេះក៏នឹងអាចជួយសម្រួលទៅដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាសុខភាពផងដែរ។ វានឹងអាចជួយទៅដល់ការបណ្តុះបណ្តាលបុគ្គលិកនៅឱសថស្ថានសហគមន៍ និងអ្នកមានអាជីពនៅក្នុងវិស័យសុខាភិបាលឲ្យយល់ដឹងពីរបៀបប្រើប្រាស់ឱសថទាំងអស់នោះ។

ម្យ៉ាងវិញទៀត ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះដែរ សហគ្រាសផលិតឱសថប៉េប៉េអឹមអន្តរជាតិដែលមានលោកស្រី Coumba Diallo ជាប្រធាន បានសន្យាថានឹងផ្តល់ជំនួយសម្រាប់ការទិញឱសថ និងឧបត្ថម្ភជាថវិកាសម្រាប់ការសាងសង់អគាររបស់ឱសថស្ថានសហគមន៍ ជួយដល់ការបណ្តុះបណ្តាល ចូលរួមផ្តល់យោបល់ និងបទពិសោធន៍ដើម្បីលើកកម្ពស់ការផ្តល់សេវាព្យាបាល និងការប្រើប្រាស់ថ្នាំ។ ក្រៅពីនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមក៏នឹងដើរតួរជាអ្នកសម្របសម្រួលក្នុងការផ្គត់ផ្គង់ឱសថតាមការបញ្ជាទិញទៅដល់ឱសថស្ថានសហគមន៍តាមរយៈក្រុមហ៊ុនចែកចាយឱសថ ជួយដល់ក្រុមការងារគ្រប់គ្រងក្នុងការរៀបចំបំពាក់គ្រឿងបរិក្ខារឱសថស្ថាន ព្រមទាំងផ្តល់ជាកញ្ចប់អំណោយជារបស់ប្រើប្រាស់ និងឧបករណ៍ទំនាក់ទំនង (មានដូចជាខោអាវពេទ្យ​​ ក្រដាសសម្រាប់សរសេរវេជ្ជបញ្ជា គ្រឿងសឹង្ហារឹមសម្រាប់តាំង និងផ្តល់វគ្គបណ្តុះបណ្តាលជាដើម)។

ចំណែក​ឯសមាគមវិញគឺសន្យាជ្រើសរើសអ្នកសម្របសម្រួលសម្រាប់ការងារគ្រប់គ្រងឱសថស្ថាន និងសន្យាទិញផលិតផលឱសថដែលឆ្លើយតបនឹងតម្រូវការពីសហគ្រាសផលិតឱសថប៉េប៉េអឹមអន្តរជាតិដែលមានបណ្តាញចែកចាយនៅប្រទសម៉ូរីតានី ជាមួយនឹងតម្លៃស្មើនឹងតម្លៃបោះដុំរបស់អង្គការក្រៅរដ្ឋាភិបាល។

អគារឱសថស្ថានសហគមន៍ដែលត្រូវបានចាប់ផ្តើមសាងសង់កាលពីខែកុម្ភ ៈ ឆ្នាំ២០១៨ ហើយដែលពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខនេះ នឹងអាចជួយសម្រួលដល់ការផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋរហូតដល់១៧០០០នាក់ឯណោះ និងជាកន្លែងសម្រាប់ផ្តល់យោបល់ ផ្តល់ព័ត៌មាន និងជជែកពិភាក្សាជុំវិញបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្រីក្រ។ ម្យ៉ាងវិញទៀត វត្តមានរបស់ឱសថស្ថានសហគមន៍នឹងចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាល តាមរយៈការតាមដានថ្នាំ (ព័ត៌មានទាក់ទងនឹងលេខសម្គាល់ថ្នាំសម្រាប់មួយប្រអប់ ឈ្មោះថ្នាំ ឈ្មោះក្រុមហ៊ុន លេខសម្គាល់ទូទៅសម្រាប់ផលិតផលថ្នាំដូចគ្នា និងថ្ងៃខែផុតកំណត់) និងយុទ្ធសាស្រ្តបង្ការនៅក្នុងសហគមន៍ Tékane ដែលស្ថិតនៅភាគនិរតីនៃប្រទេសម៉ូរីតានី និងនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទសសេណេហ្គាល់៕